តួនាទីរបស់រដ្ឋក្នុងការអន្តរាគមន៍សេដ្ឋកិច្ចទីផ្សារសេរី
តើរដ្ឋមានតួនាទីអន្តរាគមន៍លើរឿងអី្វខ្លះ នូវក្នុងសេដ្ឋកិច្ចទីផ្សារសេរី?
ភាគីរដ្ឋាភិបាលត្រូវបានចាត់ទុកជាអាជ្ញាកណ្តាល ក្នុងការត្រួតពិនិត្យ និងធានាឲ្យមានដំណើរការល្អក្នុងការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីក្នុងដែនដីរបស់ខ្លួន តាមរយៈការអនុវត្តច្បាប់ និងបែងចែកចំណាយសាធារណៈទៅវិស័យសំខាន់ និងហេដ្ឋារចនាសម្ព័នសង្គមនានា ដើម្បីធានាផ្តល់ភាពងាយស្រួលដល់ប្រជាជន និងក្រុមហ៊ុនអាជីវកម្ម។ រដ្ឋាភិបាលមានឥទ្ធិពលលើសេដ្ឋកិច្ចមិនមែនត្រឹមតែការយកពន្ធ និងការចំណាយសាធារណៈនោះទេ ប៉ុន្តែតាមរយៈបទប្បញ្ញត្តិជាច្រើន ដែលមានឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃដំណើរការសេដ្ឋកិច្ច។
មានហេតុផលបីសំខាន់ ដែលរដ្ឋត្រូវតែអន្តរាគមន៍ក្នុងសេដ្ឋកិច្ច៖
ទីមួយ៖ ការអន្តរាគមន៍នេះធ្វើឡើងដើម្បីឲ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ចដោយកែតម្រូវការបរាជ័យនៃទីផ្សារ។ ឧទាហរណ៍ថា នៅក្រោមការប្រកួតប្រជែងមិនល្អឥតខ្ចោះ (Imperfect Competition) ក្រុមហ៊ុនភាគច្រើននឹងប្រើប្រាស់អំណាចទីផ្សាររបស់ពួកគេ ដើម្បីដំឡើងថ្លៃទំនិញដោយកាត់បន្ថយការផលិត ឬគុណភាពទំនិញ។ ពួកគេអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគ្រប់ចង់ធ្វើ នៅពេលដែលមិនមានក្រុមហ៊ុនដទៃប្រកួតប្រជែងជាមួយ ឬក្រុមហ៊ុនប្រកួតប្រជែងមិនស្មើគីឡូជាមួយខ្លួន ខណៈដែលរដ្ឋមិនមានវិធានការផ្លូវច្បាប់ណាមួយ ដើម្បីរាំងស្ទះពួកគេ។ ដូច្នេះត្រង់ចំណុចនេះ ការអន្តរាគមន៍របស់រដ្ឋតាមវិធានការផ្លូវច្បាប់ពិតជាមានសារៈសំខាន់ ដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយស្មើភាពនៅលើផ្សារ និងប្រជាពលរដ្ឋរីករាយនឹងទិញទំនិញ និងសេវាកម្មតាមតម្រូវការ។ រដ្ឋាភិបាលបានបង្កើតបទប្បញ្ញត្តិនានា ដូចជាតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មត្រូវចុះបញ្ជី ការផ្តល់ព័ត៌មានពីប្រភេទអាជីកម្ម ផលិតផល ស្ថានភាពហិរញ្ញវត្ថុ ស្ថិតិបុគ្គលិក និងព័ត៌មានផ្សេងៗទៀតរបស់ពួកគេ ដែលចាំបាច់សម្រាប់តាមដាន និងវាយតម្លៃ។ លើសពីនេះទៅទៀតរដ្ឋាភិបាលជារឿយៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការធានារ៉ាប់រងសង្គមប្រឆាំងនឹងហានិភ័យនៃភាពអត់ការងារធ្វើ ឬបញ្ហានានាបណ្តាលមកពីព័ត៌មានមិនល្អឥតខ្ចោះ។
ទីពីរ៖ ការអន្តរាគមន៍ដើម្បីស្វែងរកតម្លៃសង្គមតាមរយៈភាពយុត្តិធម៌ សមធម៌ និងការបែងចែកចំណូល។ ក្នុងសេដ្ឋកិច្ចទីផ្សារសេរីប្រាក់ចំណូលរបស់បុគ្គលមា្នក់ៗទាក់ទងទៅនឹងភាពជាម្ចាស់នៃទ្រព្យសម្បត្តិ និងផលិតភាពរបស់ពួកគេ។ ជាធម្មតាទេ អ្នកដែលមានការអប់រំតិចតួចទទួលបានប្រាក់ឈ្នួលទាប។ វានឹងបង្កឲ្យមានវិសមភាពសង្គមដ៏ធំ បើអ្នកមានចេះតែមាន អ្នកចេះតែក្រ ហើយបើរដ្ឋាភិបាលគ្មានវិធានការសមស្របណាមួយដើម្បីដោះស្រាយបញ្ហានេះ នោះធ្វើឲ្យមានបញ្ហាសង្គម និងនយោបាយ ហើយជាលទ្ធផលនឹងប៉ះពាល់ដល់ការវិនិយោគ និងសេដ្ឋកិច្ចក្នុងស្រុក។ បទពិសោធន៍នៅអាស៊ីបូព៌ា និងអាមេរិកឡាទីនបានបង្ហាញភាពខុសគ្នាយ៉ាងដាច់ស្រឡះ នៅអាស៊ីបូព៌ាជិត ៣៥ ឆ្នាំ នេះ កំណើនសេដ្ឋកិច្ចកើនទ្វេដងជាងប្រទេសនៅអាមេរិកឡាទីន (សេដ្ឋវិទូរកឃើញមានកម្រិតសមភាពខ្ពស់) ខណៈប្រទេសជាច្រើននៃអាមេរិកឡាទីនត្រូវបានកត់សម្គាល់ដោយវិសមភាពដ៏អស្ចារ្យ ញាំញីដោយអំពើហឹង្សាក្នុងទីក្រុង និងភាពចលាចលនយោបាយ។ ក្នុងន័យនេះ ជំនួយសង្គមពីសំណាក់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ទៅក្រុមប្រជាជនក្រីក្រ កុមារ ក្មេងកំព្រា ស្រ្តីមេម៉ាយ និងក្រុមមនុស្សចាស់ពិតជាមានសារៈសំខាន់ តាមរយៈកម្មវិធីផ្តល់សាច់ប្រាក់ដោយផ្ទាល់ កម្មវិធីអប់រំ សេវាសុខភាពដោយឥតគិតថ្លៃជាដើម។ ជាមួយគ្នានេះ អ្នកវិនិយោគ និងប្រជាជានក៏មានការព្រួយបារម្ភអំពីយុត្តិធម៌ ឬបទប្បញ្ញត្តិនានាផងដែរ។
ទីបី៖ ការអន្តរាគមន៍ដើម្បីតម្រូវឲ្យប្រើប្រាស់ទំនិញកុសល (Merit Goods) ឬហាមឃាត់ការប្រើប្រាស់ទំនិញមិនល្អ (Merit Bads)។ ពេលខ្លះរដ្ឋាភិបាលដាក់តម្លៃសង្គមជាធំ ដែលតម្រូវឱ្យមានការប្រើប្រាស់ទំនិញកុសល (ការអប់រំ) និងហាមឃាត់ការប្រើប្រាស់ទំនិញមិនល្អ (គ្រឿងញៀនខុសច្បាប់)។ រដ្ឋាភិបាលប្រទេសជាច្រើនបានបង្កើនពន្ធលើទំនិញមួយចំនួនដូចជាគ្រឿងស្រវឹង និងថ្នាំជក់ ដើម្បីកាត់បន្ថែមអត្រាអ្នកប្រើប្រាស់។
ជារួមគេមើលឃើញថា អន្តរាគមន៍របស់រដ្ឋមានសារៈសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទោះបីជាមើលទៅហាក់ដូចជាងាយស្រួល ប៉ុន្តែវាមិនមែនជារឿងដែលងាយធ្វើនោះទេ ដែលចាំបាច់ទាមទារឲ្យមានប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធច្បាប់ល្អដែលអាចបត់បែនតាមស្ថានភាពសង្គម និងសេដ្ឋកិច្ច ហើយជាពិសេសគឺ ការអនុវត្តល្អតែម្តង។
#EconomicsTuesday #MarketFailures #Equity #MeritGoods #MeritBads #EveryWeekOn11AM

