ប្រយោជន៍អំពីការសិក្សាពីប្រជាសាស្រ្ត ចំពោះការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងសង្គម
តើការសិក្សាពីប្រជាសាស្រ្ត មានសារសំខាន់អ្វីខ្លះ ចំពោះការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងសង្គម?
នៅពាក់កណ្តាលសតវត្សរ៍ទី១៩ ក្នុងឆ្នាំ១៨៥៥ ពាក្យ “ប្រជាសាស្រ្ត” ត្រូវបានប្រើជាលើកដំបូងដោយអ្នកនិពន្ធបារាំងលោក Achille Guillard ប៉ុន្តែការសិក្សាពីប្រជាជនមានយូរយារណាស់ហើយ តាំងពីសម័យព្រះសម្មាសម្ពុទ្ធ ខុងជឺ អារីស្តូត ផ្លាតូ និងកូតូលីយ៉ា។ ទោះបីយ៉ាងណា អ្នកវិទ្យាសាស្រ្តបានបង្ហាញភាពខុសគ្នាអំពីការសិក្សាពីប្រជាសាស្រ្ត (Demography) និងការសិក្សាពីប្រជាជន (Population Studies)។ ប្រជាសាស្រ្តជាការសិក្សាអំពីសិ្ថតិនៃកំណើត ការស្លាប់ ប្រាក់ចំណូល ការកើតឡើងនៃជំងឺ និងការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ប្រជាជន ខណៈការសិក្សាពីប្រជាជនផ្តោតសំខាន់លើការសិក្សាពីសង្គម សេដ្ឋកិច្ច ភូមិសាស្រ្ត នយោបាយ និងជីវសាស្រ្តរបស់ប្រជាជន។
ការសិក្សាប្រជាសាស្រ្តពិតជាមានសារសំខាន់យ៉ាងខ្លាំង សម្រាប់ជួយឲ្យរដ្ឋាភិបាលមានពត៌មានគ្រប់គ្រាន់ និងត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន តម្រូវការកំណើនប្រជាជន វ័យចាស់ជរា ការធ្វើចំណាកស្រុកជាដើម។ ស្ថិតិ និងការព្យាការណ៍ដែលទទួលបានពីទិន្នន័យត្រឹមត្រូវតាមការស្រាវជ្រាវបែបវិទ្យាសាស្រ្ត បានផ្តល់ធាតុចូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលធ្វើគោលអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
បន្ថែមពីនេះ តាមរយៈទិន្នន័យទាំងនេះ រដ្ឋអាចរៀបចំប្រព័ន្ធរដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធសង្គមដែលអាចឆ្លើយតបតាមតម្រូវសង្គម និងអ្នកវិនិយោគតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ ការសិក្សាពីប្រជាសាស្រ្តមានប្រយោជន៍ទាំងក្របខ័ណ្ឌម៉ាក្រូ និងមីក្រូ។ ប្រជាសាស្ត្រមានសារសំខាន់ក្នុងការធ្វើផែនការទីផ្សារ និងរៀបចំផែនការផលិតផល ជាក់ស្តែងក្រុមហ៊ុនអាជីវកម្មដែលមានទនិ្នន័យគ្រប់គ្រាន់អំពីប្រជាសាស្រ្តតែងតែមានឱកាសទទួលបានទំហំទីផ្សារធំ និងមានអតិថិជនច្រើនគ្រាំទ្រផលិតផលរបស់ខ្លួន។
ឧទាហរណ៍នៅប្រទេសកម្ពុជា កំណើនប្រជាជនមានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយការធ្វើចំណាកស្រុកក៏មានការប្រែប្រួលគួរតែកត់សម្គាល់។ នៅឆ្នាំ២០០៩ មានប្រជាជនប្រហែលជា ៨០% រស់នៅ និងធ្វើការនៅជនបទ ប៉ុន្តែនៅឆ្នាំ២០១៨ មានប្រជាជនតែជាង ៧៦% ទេ ដែលធ្វើការ និងរស់នៅជនបទ ។ ការផ្លាស់ប្តូរនេះដោយសារតម្រូវសេដ្ឋកិច្ច និងការវិបត្តិរបៀបរស់នៅ និងការធ្វើការងារនៅជនបទ។
ការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម បានកាត់បន្ថយកម្លាំងពលកម្មក្នុងវិស័យនេះ ហើយកសិករដែលមានធនធាន និងដីតិចតួចក៏សម្រេចចិត្តឈប់ធ្វើការលើវិស័យនេះ។ យុវជនដែលបានរៀនចប់ និងមិនចប់ក៏ចំណាកស្រុកមករៀនបន្តនៅទីក្រុង ឬធ្វើការងារនៅទីប្រជុំបទ និងតំបន់សេដ្ឋកិច្ចផ្សេងៗ។
ទនិ្នន័យទាំងនេះ បានផ្តល់ធាតុចូលដ៏សំខាន់់សម្រាប់អ្នកដឹកនាំ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍទីក្រុង គោលនយោបាយដីធ្លី គោលនយោបាយសេវាសុខភាព និងការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រព័ន្ធរដ្ឋបាល ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកចំណាកស្រុកថ្មី និងអ្នកដែលបន្តរស់នៅជនបទ តើខ្វះខាតអ្វី ត្រូវការអ្វី។
#EconomicsTuesday # Demography #PopulationStudies #Policy #EveryWeekOn11AM



thanks